កំណាព្យ មច្ឆាជាតិបឹងទន្លេសាប

cambodian1.blogspot.com

អាំងក្លាំទន្លេសាបជាបឹង                              ចំណុះអោយស្ទឹងហូរចូលមក
នាំទាំងមច្ឆាច្រើនគគោក                            អោយសម្ងំជ្រកក្នុងទឹកសាប         ។
តាំងពីស្ទឹងសែនបត់បែនជិត                      និងស្ទឹងជីនិតពិតខ្ពង់រាប
ស្ទឹងស្ទោងហូរខ្មាញ់បាញ់ទំនាប                ទឹកស្ទឹងសៀមរាបហូរមកដែរ        ។
ឯស្ទឹងជីក្រែងតែងសម្រុក                           នាំទឹកហូរបុកហៀរពេញស្រែ
ស្ទឹងបរិបូណ៍ហូររាល់ខែ                              នាំត្រីមកដែរចូលក្នុងអាង              ។
បើស្ទឹងស្រែដៃទោះថ្ងៃយប់                         ហូរជួយបង្រ្គប់តែមិនខ្លាំង
រីស្ទឹងពោធិសាត់ប្រឹងប្រណាំង                   ជួនតិចជួនខ្លាំងមិនហ៊ានឈប់        ។
ស្ទឹងមង្គលបូរីកំពង់ស្វាយ                           ខំហូរពីឆ្ងាយកាយដីល្បាប់
ឯស្ទឹងដូនទ្រីព្រែកអូរនប                             អូរដាហូរគ្របកាត់ពាមបាំង            ។
ស្ទឹងស្រែងស្វែងឧត្តរមានជ័យ                    ជាប់ព្រំដែនថៃឆ្ងាយពីអាង
ប៉ុន្តែប្រឹងហូរតាមកម្លាំង                              ពេលទឹកស្រកខ្លាំងកាន់តែលឿន    ។
គ្រប់ស្ទឹងសុទ្ធតែបាននាំត្រី                          តិចឬច្រើនក្តីមកបង្កើន
អោយរស់ជ្រកជុំផ្តុំកូនពង                            ម្តងរាប់រយផ្លូនក្នុងកោងកាង           ។
និងព្រៃរនាមដែលលិចទឹក                          សត្វល្អិតវរវឹកទឹកឡើងខ្លាំង
ត្រីហក់ត្របាក់ស៊ីប្រណាំង                          សប្បាយចិត្តខ្លាំងបន្តពូជ                  ។
កញ្ចុះអណ្តែងកញ្ជាក់ស្លា                            ត្រីលិញត្រីប្រាមានធំតូច
ត្រីផ្ទក់សណ្តាយបែបរាងខូច                       ក្រវែលលបលួចស៊ីកូនគេ                 ។
ត្រីក្រាយក្រឹមក្រាញ់មិនចាញ់មាឌ              ទោះខ្លួនតូចល្អិតស្វិតម៉្លេះទេ
ក៏ខំពងកូនគ្មានទំនេរ                                   ផ្សព្វផ្សាយពូជដែរខ្លាចបាត់បង់        ។
ត្រីឆ្ពិនត្រីឆ្កោកត្រីកន្ធរ                                ត្រីរៀលត្រីពោធីនិងត្រីឆ្លាំង
មិនសូវរវល់ហែលសំកាំង                           ជ្រកក្នុងដើមរាំងដែលលិចទឹក          ។
ត្រីឆ្លូញត្រីឱនត្រីក្លាំងហាយ                        ត្រីផ្ទោងប្រញាយជ្រើមពេលព្រឹក
ចង្វារព្រលូងខ្ជឹងមិនស្ពឹក                            ចិត្តតែងគិតនឹកខ្លាចផុតពូជ               ។
ត្រីច្រកែងឆ្កោកអណ្តាតឆ្កែ                         ត្រីស្លាតលង់ស្នេហ៍ធ្លាប់តែខូច
ខ្លួនរាងសំប៉ែតឆ្អឹងតូចៗ                              តែអាចផុតពូជព្រោះប្រហិត              ។
ត្រីខ្មាន់ត្រីកែសត្រីកន្រ្តប់                            រស់នៅសែនស្ងប់មិនសូវគិត
ទោះទឹកជ្រៅរាក់អាចផលិត                       ពូជកូនបង្កាត់ដូចគេឯង                     ។
កំភ្លាញក្អុកក្អិតពិតតូចមែន                         តែពងរាប់សែនមិនកំប្លែង
រស់ដូចអស់គេឥតទាស់ទែង                      ប្រកាន់ហួងហែងបែងទឹកដី               ។
ប៉ុន្តែមានត្រីច្រើនប្រភេទ                            តាមខ្ញុំសង្កេតគួរអាល័យ
ព្រោះជិតផុតពូជពីផែនដី                            ដោយសារគ្រោះភ័យនៃបរិស្ថាន      ។
ត្រីនាគត្រីរាជត្រីគល់រាំង                            ត្រីត្រសក់សាំងពន់ប្រមាណ
ត្រីស្ទក់ត្រីក្បកត្រីក្បាលឡាន                     ត្រីជន្លួញមាន់ត្រីដំរី                            ។
ត្រីឆ្កោកទីទុយប៉ាស៊ីអ៊ី                                 ឃើញសល់មួយពីរជាចំនី
សម្រាប់អ្នកមានលក់បានថ្លៃ                      នៅក្នុងទឹកដីខេត្តស្ទឹងត្រែង               ។
ត្រីឆ្មាក្រពើត្រីរមាស                                    ក៏ស្ទើរវិនាសហួសនឹងថ្លែង
ត្រីកន្រ្តប់ខ្លាកន្រ្តងប្រេង                              កំភ្លាញសម្រែឃើញតិចណាស់        ។
ការរៀបរាប់នៃទឹកសាប                              ខ្ញុំសុំសង្ខេបមិនទាន់អស់
ព្រោះប្រភេទត្រីច្រើនរាប់រយ                      ខ្ញុំស្គាល់មិនអស់ខ្វះឯកសារ              ។
ប៉ុន្តែសំខាន់យើងគ្រប់គ្នា                             ខំជួយការពារពូជមច្ឆា
រដូវពងកូនកុំប៉ះពារ                                      ឬនេសាទវាទ្រង់ទ្រាយធំ                  ។
នេសាទបរិភោគក្នុងគ្រួសារ                         នោះគ្មានបញ្ហាទេពូអ៊ុំ
ប្រើឈ្នាងអង្រុតឆ្នុកទ្រូផ្សំ                            ចងសន្ទូចត្រាំដាក់បង្កៃ                     ។
សូមកុំប្រើប្រាស់អួនអញ្ចងាំ                         សំណាញ់មងត្រងឬអូសស្បៃ
អោយបែកសំបុកខ្ចាត់ពងត្រី                        លង់លិចក្នុងដីក្ស័យផុតពូជ             ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s