លោក សម រង្ស៊ី អះអាងមិនវិលចូលស្រុកវិញ

ពី Camnews.org

លោក សម រង្ស៊ី អះអាង​ថា យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​យុទ្ធសាស្ត្រ​ដែល​មិន​មាន​វត្តមាន​របស់​លោក​ក្នុង​ការ​បោះ​ឆ្នោត ​ដើម្បី​​កុំ​ឲ្យ​​សហគមន៍​អន្តរជាតិ​​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ក្រោយ​ការ​បោះ​ឆ្នោត​ខាង​មុខ។

ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ឆ្នាំ​២០១២។ RFA/Sok Serey

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចាត់​ទុក​ថា ការ​ប្រកាស​របស់​មេ​បក្ស​ប្រឆាំង​ដ៏​ល្បី គឺ​លោក សម រង្ស៉ី ដែល​សម្រេច​មិន​វិល​ចូល​ស្រុក​ដើម្បី​ចូល​រួម​បោះ​ឆ្នោត ជា​ទង្វើ​បុគ្គល ហើយ​ក៏​មិន​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នោះ​ទេ។
មន្ត្រី​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​សម្រេច​ចិត្ត ដូច​នេះ​យោបល់​ផ្ទាល់​របស់​លោក សម រង្ស៉ី មិន​អាច​មាន​ទម្ងង់​លើ​ច្បាប់​បាន​ទេ។

លោក​បន្ត​ថា ការ​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ ដូច​នេះ​មិន​មាន​ផ្លូវ​ឯ​ណា​ដែល​នាំ​ឲ្យ​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ​ឡើយ៖ «ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ គេ​មិន​អាច​យក​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ យក​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​មួយ​ទៅ​ដូរ​នឹង​មនុស្ស​ម្នាក់​នោះ​ទេ ហើយ​ការ​ទទួល​ស្គាល់​របស់​ប្រទេស​មួយ​ដែល​កើត​ឡើង​តាម​ច្បាប់​នោះ ហ្នឹង​ជា​រឿង​សិទ្ធិ​របស់​ប្រទេស​មួយ​នោះ ការ​សន្និដ្ឋាន​របស់​ប្រទេស​មួយ ជា​សិទ្ធិ​របស់​គាត​ទេ»

ទន្ទឹម​នឹង​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា លោក សម រង្ស៉ី គ្មាន​បំណង​ចង់​ឃើញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ទៅ​មុខ​ទេ។ លោក​បន្ត​ថា មិន​មាន​ផ្លូវ​ណា​ដែល​អន្តរជាតិ​ចាត់​ទុក​បុគ្គល សម រង្ស៉ី សំខាន់​ជាង​ការ​គោរព​ច្បាប់​នោះ​ឡើយ ហើយ​អន្តរជាតិ​ក៏​មិន​ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយសារ​តែ​បុគ្គល សម រង្ស៉ី ម្នាក់​ដែរ។

លោក ផៃ ស៊ីផាន៖ «អា​នេះ​ជា​បំណង​របស់​លោក សម រង្ស៉ី។ លោក​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បំផ្លាញ​អ្វី​ដែល​ចិរភាព នីតិរដ្ឋ ដូច​ជា​វាយ​ប្រហារ​លើ​ស្ថាប័ន​ជាតិ រដ្ឋ​សភា ព្រឹទ្ធ​សភា។ ប្រយោជន៍​ឆន្ទៈ​របស់​មហាជន​ដែល​មាន​មតិ​ភាគ​តិច ឬ​មតិ​ភាគ​ច្រើន​ជា​ធំ មិន​មែន​លើ​បុគ្គល​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ សហគមន៍​អន្តរជាតិ​មួយ​ចំនួន បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ឱកាស​ឲ្យ​លោក សម រង្ស៉ី ចូល​ស្រុក​ដែរ។

អគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ភិននី រីឆាត (Penny Richards) នៅ​ថ្ងៃ​ទី​២៦ មីនា ក៏​បាន​ស្នើ​សុំ​លោក ហោ ណាំហុង ឲ្យ​ពិចារណា​រឿង​លោក សម រង្ស៉ី ចូល​ស្រុក​ដែរ ប៉ុន្តែ​លោក ហោ ណាំហុង ប្រាប់​អ្នកស្រី​វិញ​ថា ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា ខាង​មុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ បើ​ទោះ​បី​ជា​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​ក៏ដោយ។

កាល​ពី​ដើម​ឆ្នាំ​២០១៣ លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក  ម៉ៃឃើល ផូសនើរ (Michael Posner) ដែល​ជា​ប្រធាន​ការិយាល័យ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​មនុស្ស និង​ការងារ ធ្លាប់​ស្នើ​ឲ្យ​មាន​ការ​បើក​ច្រក​សម្រាប់​លោក សម រង្ស៉ី ដែរ តែ​លោក ហោ ណាំហុង ថ្លែង​ថា កម្ពុជា​មាន​ច្បាប់​ជា​ធំ តុលាការ​ជា​អ្នក​សម្រេច។ ការ​ប្រកាស​ទាត់​ចោល​សំណើ​អន្តរជាតិ​ទាំង​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ឱកាស​ចូល​ស្រុក​ដោយ​សុវត្ថិភាព​របស់​លោក  សម រង្ស៉ី កាន់​តែ​ខើច​ខ្លី។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ លោក អ៊ូ វីរៈ ថ្លែង​ថា ប្រសិន​លោក សម រង្ស៉ី ចង់​ចូល​រួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត មិន​គួរ​ណា​ប្រកាស​ថា នឹង​មិន​ចូល​រួម​ទេ។ លោក​បន្ត​ថា បើ​សិន​ណា​លោក សម រង្ស៉ី ចូល​មក​វិញ​ដោយ​មិន​មាន​ការ​ចរចា​ជាមួយ​គណបក្ស​កាន់​អំណាច ទោះ​បី​ជា​លោក​ត្រូវ​ចាប់​ខ្លួន ក៏​គណបក្ស​លោក​នឹង​កើន​សំឡេង កើន​ការ​គាំទ្រ ហើយ​លោក​នឹង​ក្លាយ​ជា​វីរបុរស។

លោក​បញ្ជាក់​ថា លោក សម រង្ស៉ី ចូល​រួម​ជា​ប្រការ​សំខាន់ សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ប៉ុន្តែ​ការ​មិន​ចូល​រួម​របស់​បុគ្គល សម រង្ស៉ី មិន​ប៉ះពាល់​ដល់​ការ​ទទួល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ជា​អន្តរជាតិ​នោះ​ទេ ដោយសារ​តែ​ហេតុផល​នយោបាយ និង​សេដ្ឋកិច្ច៖ «សហគមន៍​អន្តរជាតិ​នៅ​តែ​រិះគន់ គ.ជ.ប រិះគន់​បោះ​ឆ្នោត រិះគន់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ប្រហែល​នៅ​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ដដែល និង​នៅ​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ដដែល។ បើ​ហ៊ាន​ក្លាហាន​មក​ចំណេញ​មែន​ទែន បើ​អត់​ហ៊ាន ហើយ​មិន​ចង់​ចូល​រួម​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថ្មី​មិន​ស្រប​ច្បាប់ មិន​ត្រឹមត្រូវ​ទេ»

ទោះ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល (Comfrel) ដែល​សង្កេត​ពី​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មីនា ព្រមាន​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ដើរ​ថយ​ក្រោយ បើ​សិន​ជា​រាជរដ្ឋាភិបាល​នៅ​តែ​ដាក់​គុក លោក ម៉ម សូណង់ដូ ប៉ុន្តែ​រដ្ឋាភិបាល​សម្រេច​ដោះលែង​លោក ម៉ម សូណង់ដូ រួច​ហើយ។

ខុមហ្វ្រែល​ក៏​ព្រមាន​ថា ការ​ទុក​មេ​បក្ស​ប្រឆាំង លោក សម រង្ស៉ី ចោល​នៅ​ក្រៅ​ប្រទេស ក៏​អាច​ជះ​ឥទ្ធិពល​ដល់​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​បង្កើត​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ​ដែរ។

ចំណែក​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចាត់​ទុក​ថា លោក សម រង្ស៉ី ជា​មនុស្ស​កំសាក​ដែរ ដោយ​លោក​ទាត់​ចោល​សម្ដី​លោក សម រង្ស៉ី ដែល​ធ្លាប់​ប្រដូច​ខ្លួន​ទៅ​នឹង​មេ​បក្ស​ប្រឆាំង​ភូមា អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suukyi)។ លោក ហ៊ុន សែន ថ្លែង​ថា អ្នកស្រី អ៊ុង សានស៊ូជី គេ​ឃុំ​ក្នុង​ផ្ទះ ២០​ឆ្នាំ នៅ​តែ​ក្រាញ​ននៀល​មិន​រត់​ចោល​ស្រុក តែ​លោក សម រង្ស៉ី ឲ្យ​តែ​មាន​រឿង​ចាក​ចេញ​ទៅ​ក្រៅ​ស្រុក​ភ្លាម​ដោយ​គ្មាន​គេ​ដេញ។

អ្នក​តាម​ដាន​បញ្ហា​នយោបាយ និង​ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា លោក សម រង្ស៉ី មិន​ចិត្ត​សឿង​ដូច​លោក ម៉ម សូណង់ដូ ដែល​ហ៊ាន​ចូល​ស្រុក ទោះ​ដឹង​ថា ខ្លួន​ត្រូវ​ជាប់​គុក​នោះ​ទេ។ ហើយ​បើ​ប្រៀប​នឹង​អ្នកស្រី អ៊ុង សានស៊ូជី ដែល​ហ៊ាន​ដើរ​សំដៅ​ចុង​កាណុង​កាំភ្លើង​របស់​ទាហាន​ភូមា​នោះ ក៏​កាន់​តែ​ឆ្ងាយ​ទៅ​ទៀត។

ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​វិញ នៅ​ប្រទេស​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Takshin Shinawatra) ត្រូវ​បាន​គេ​ទម្លាក់​ពី​អំណាច​ដោយ​រដ្ឋ​ប្រហារ ប៉ុន្តែ​មិន​មាន​បរទេស​ឯ​ណា​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​នោះ​ឡើយ។ ម្យ៉ាង​ទៀត​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ​ដែល​កម្ពុជា កំពុង​តែ​ស្អិតល្មួត​ជាមួយ​ចិន ក៏​មិន​អនុញ្ញាត​ឲ្យ​មហា​អំណាច​លោក​ខាង​លិច ឬ​សហរដ្ឋអាមេរិក ទាត់​ចោល​លទ្ធផល​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយសារ​បុគ្គល សម រង្ស៉ី ម្នាក់​ដែរ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s