អូស្ត្រាលី​ស៊ើប​អង្កេត​ករណី​ពុករលួយ​ពាក់ព័ន្ធ​លោក ហ៊ុន សែន

ដកពី Camnews.org

ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បុរស​ខ្លាំង​នៅ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ផ្លូវ​ជាតិ​លេខ​៦ នា​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២។ 

កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ផ្សាយ​អត្ថបទ​មួយ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី និង​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើប​អង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន។

កាសែត​បន្ត​ថា ឯកសារ​ការទូត​បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​រុក​រក​រ៉ែ​កាល​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​ក្រុមហ៊ុន។

ឯកសារ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ក្នុង​កិច្ច​ប្រជុំ​ឯកជន​មួយ​ថា លោក​នឹង​ផ្ដល់​ដី​សម្រាប់​សម្បទាន​រុក​រក​រ៉ែ​ទៅ​ក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន ១​លាន​ហិកតារ និង​អាច​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​ទៀត​ផង។ ហើយ​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ចព្រមព្រៀង​រុក​រក​រ៉ែ​ឆ្នាំ​២០០៦។

កាសែត​បន្ត​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​បញ្ឈប់​ដំណើរ​ការ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ គឺ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញ​ជា​សាធារណៈ​ថា ប៊ីអេច្ឆភី ប៊ីលីតន បាន​ផ្ដល់​ប្រាក់​ទឹក​តែ​ប្រមាណ ៣,៥​លាន​ដុល្លារ​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹក​តែ​នោះ​បាន​បាត់​មិន​ដឹង​ទៅ​ទី​ណា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ កាសែត​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លុយ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​លោក​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ហៅ​ការ​ចុះ​ផ្សាយ​របស់​កាសែត ឌឹ អេច ក្នុង​រឿង​ពាក់ព័ន្ធ​នឹង​លោក ហ៊ុន សែន ថា​ជា​ការ​ផ្សាយ​ព័ត៌មាន​មិន​មាន​មូលដ្ឋាន និង​ផ្សាយ​គ្មាន​ការពិត។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កាសែត​នេះ​ធ្លាប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ម្ដង​ហើយ​ថា ឧកញ៉ា ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន នោះ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​គ្រឿងញៀន និង​អាជ្ញាធរ​អូស្ត្រាលី ហាម​មិន​ឲ្យ​ទៅ​ទី​នោះ​ជា​ដើម តែ​ធាតុ​ពិត​ឧកញ៉ា ហ៊ុន តូ ទៅ​អូស្ត្រាលី មិន​មាន​បញ្ហា​អ្វី​កើត​មាន​ទេ។

លោក​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ផ្សាយ​របស់ ឌឹ អេច ឡើយ ហើយ​សូម​បដិសេធ​ថា លោក​នាយករដ្ឋមន្ត្រី​មិន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ទេ៖ «បាទ! មាន​បញ្ហា​អី​អ្វី​ដែល​ចុះ​ផ្សាយ​ហ្នឹង គ្មាន​ការ​ពិត​ទេ អ្វី​ដែល​គេ​ផ្សាយ​មិន​អាង​អ្វី​ដែល​ពិតប្រាកដ​ទេ ដូចជា​ករណី​ឧកញ៉ា ហ៊ុន តូ ជាដើម។អ្វី​ដែល​គេ​ផ្សាយ​គ្រាន់​ជា​ការ​សង្ស័យ​ប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឆ្គាំឆ្គង​ទេ»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ​២០១៣។

កាល​ពី​ថ្ងៃ​២០១២ លោក​ឧកញ៉ា ហ៊ុន តូ ធ្លាប់​គំរាម​ប្ដឹង​កាសែត​អូស្ត្រាលី ឌឹ អេច ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្រោយ​ពី​កាសែត​នេះ​បាន​ចេញ​ផ្សាយ​អត្ថបទ​ស៊ើប​អង្កេត​មួយ​ថា នគរបាល​អូស្ត្រាលី ស្វែង​រក​ចាប់​ខ្លួន​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក ហ៊ុន សែន ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី កន្លង​មក។ ឌឹ អេច បាន​រក្សា​សិទ្ធិ​មិន​កែប្រែ​អត្ថបទ​ឡើយ បើ​ទោះ​បី​ជា​លោក​ឧកញ៉ា ហ៊ុន តូ គំរាម​ប្ដឹង​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s